ជនដែលត្រូវចាប់ខ្លួននោះឈ្មោះចិន វាសនា អាយុ២០ឆ្នាំ មានស្រុកកំណើតភូមិធ្មល់ ឃុំចេក ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ជាកម្មកររោងចក្រកាត់ដេរ «ដារ៉ុង» ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ ។ ចំណែកនារីរងគ្រោះអាយុ១៩ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរជាមួយគ្នាស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុនោះដែរ ។
ស្ត្រីរូបនេះបានរៀបរាប់ប្រាប់ប៉ូលិសថា នាងនិងយុវជនរូបនោះ គឺជាសង្សារនឹងគ្នាដែលបានស្រឡាញ់គ្នាតាំងពីអំឡុងខែធ្នូ ឆ្នាំ២០១០ មកម៉្លេះ ប៉ុន្តែពុំដែលធ្វើអ្វីឱ្យខុសពីគន្លងប្រពៃណីនោះទេ ។ ហើយកាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១១ ដែលជាថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ជននោះបានទិញកាដូជូននាងដែលក្នុងកាដូនោះមានដង្កៀបកៀបសក់២ ក្រវិលកាឡៃ១គូ និងកងដៃកាឡៃចំនួន១៤កង ។ ស្ត្រីរូបនោះបានបន្តទៀតថា ជននោះធ្លាប់មានសង្សារម្នាក់រួចមកហើយ ប៉ុន្តែមិនបានប្រាប់ឱ្យនាងដឹងទេ លុះដល់ថ្ងៃកើតហេតុស្រ្តីជាសង្សារចាស់នោះបានទៅលេងដល់បន្ទប់ជួលរបស់ជននោះទៀតផង ។ ខណៈនោះជននេះបានប្រើឱ្យមិត្តភក្តិរបស់គេម្នាក់ឈ្មោះសា ទៅទិញផ្លែឪឡឹកនៅមុខរោងចក្រ ដើម្បីឱ្យសង្សារចាស់របស់គេហូប ។ ស្ត្រីរូបនោះបានបន្តថា ពេលឃើញបែបនេះ នាងបានសួរទៅមិត្តភក្តិជននោះពីរឿងទិញឪឡឹកច្រើន ពេលនោះឈ្មោះសាបានឆ្លើយថា វាសនាប្រើឱ្យទិញឱ្យសង្សារចាស់គេមកលេងផ្ទះ។ ពេលឮបែបនេះភ្លាមធ្វើឱ្យនាងមានចិត្តប្រចណ្ឌយ៉ាងខ្លាំង ហើយក៏បានដើរត្រឡប់ទៅផ្ទះជួលវិញ រហូតដល់វេលាល្ងាចទើបសម្រេចចិត្តទៅរកជននោះ និងយកកាដូទៅប្រគល់ឱ្យគេវិញ ដើម្បីបញ្ចប់ទំនាក់ទំនងស្នេហ៍ ។ ស្ត្រីរូបនោះបានបន្តថា ក្រោយពេលទៅដល់មិនឃើញសង្សារចាស់របស់ជននោះទេ គឺឃើញតែជននោះ និងមិត្តភក្តិរបស់គេ៣នាក់ទៀតកំពុងផឹកស៊ីនៅក្នុងបន្ទប់ផ្ទះជួលប៉ុណ្ណោះ ។ ពេលរូបនាងទៅដល់មិត្តភក្តិរបស់ជននោះបាននាំគ្នាគេចចេញអស់ទុកឱកាសឱ្យនាង និងជននោះនិយាយគ្នា ។ ស្ត្រីដដែលបានរៀបរាប់ប្រាប់ប៉ូលិសទៀតថា ពេលបានជួបគ្នានាងបានសួរនាំទៅសង្សារថា រវាងនាង និងសង្សារចាស់ តើយកមួយណា? ភ្លាមនោះជននោះបានឆ្លើយមកវិញថាយកទាំងពីរ ដែលចម្លើយនេះរឹតតែធ្វើឱ្យនាងចុកចាប់ថែមទៀត ហើយនាងបានយកកាដូប្រគល់ឱ្យជននោះវិញ ។ ប៉ុន្តែជននោះមិនយកវិញទេ ព្រមទាំងនិយាយថា រូបគេមិនយកវិញទេ ជ្រុលទិញឱ្យហើយទុកជាអនុស្សាវរីយ៍ចុះ ទោះបីជាមិនបានគ្នាក៏ដោយ ។
ស្ត្រីរូបនោះបានបន្តថា ពេលនិយាយបណ្តើរជននោះបានផឹកស្រាបណ្តើរ មិនតែប៉ុណ្ណោះបាននិយាយលួងលោមរូបនាងសុំរួមរ័កជាច្រើនដងទៀតផង ។ ពេលនោះនាងប្រកែកមិនព្រមនោះទេ ហើយដោយសារពិបាកចិត្តពេក នាងបានចាក់ស្រាផឹកដែរ លុះមួយសន្ទុះក្រោយមកពេលឃើញនាងផឹកស្រាបែបនេះ ជននោះក៏បានចាប់អោបថើបនាង បន្ទាប់មកចាប់រំលោភនាងរហូតបានសម្រេចតែម្តង ។ ក្រោយពេលរំលោភរួចនាងមិនបានចាកចេញពីបន្ទប់យុវជននោះភ្លាមៗទេ លុះបានមួយសន្ទុះបងស្រីរបស់នាងទៅរកនាងដល់ទីនោះទើបនាងចេញទៅផ្ទះជាមួយបងស្រី ហើយដល់ព្រឹកឡើងទើបប្តឹងប៉ូលិសឱ្យចាប់ខ្លួនជននោះ ។
មន្ត្រីប៉ូលិសនិយាយថា ក្រោយពេលទទួលបានពាក្យបណ្តឹង នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី ២៣ ឧសភា កម្លាំងប៉ូលិសព្រហ្មទណ្ឌស្រុក និងកម្លាំងប៉ូលិសប៉ុស្តិ៍បានសហការគ្នាចុះទៅចាប់ខ្លួនជននោះយកមកសាកសួរ ។ ក្រោយពេលចាប់ខ្លួនជននោះបានបដិសេធថា ខ្លួនមិនបានរំលោភនាងម្នាក់នោះទេ គឺគ្រាន់តែអោបថើបក្នុងនាមជាសង្សារមុនពេលបែកគ្នាប៉ុណ្ណោះ ។ ពេលនោះបងស្រីរបស់នាងទៅទាន់ពេលកំពុងដេកអោបគ្នាក៏ចោទប្រកាន់ថា រូបគេរំលោភប្អូនស្រីគាត់ក៏បានប្តឹងប៉ូលិសឱ្យចាប់ខ្លួនតែម្តង ៕
ប្រភព៖ កោះសន្តិភាព
No comments:
Post a Comment